ការរស់នៅកូរ៉េអាចផ្លាស់ប្តូរជីវិតអ្នកបាន។ អ្នកមកទីនេះ ដើម្បីរកប្រាក់ សន្សំប្រាក់ និងសាងអនាគត។ ប៉ុន្តែជាក់ស្តែង មានមនុស្សជាច្រើនដែលបានបាត់បង់អ្វីៗទាំងនេះ ព្រោះ “ជឿខុសមនុស្ស” ឬ “មិនប្រុងប្រយ័ត្ន”។ នៅប្រទេសបរទេស មិនមែនគ្រប់គ្នាដែលញញឹមដាក់អ្នក សុទ្ធតែមានចិត្តល្អទេ។ មនុស្សខ្លះអាចប្រើភាពមិនដឹងរបស់អ្នក ដើម្បីយកអត្ថប្រយោជន៍ពីអ្នក។
អត្ថបទនេះ មិនមែនដើម្បីបំភ័យអ្នកទេ ប៉ុន្តែដើម្បីឲ្យអ្នក ការពារខ្លួនឯង មុនពេលអ្វីៗយឺតពេល។
១. កុំឲ្យអ្នកណាខ្ចីអត្តសញ្ញាណប័ណ្ណរបស់អ្នក ❌
អត្តសញ្ញាណប័ណ្ណ (ARC) មិនមែនជាកាតធម្មតាទេ។ វាជាជីវិតរបស់អ្នកនៅកូរ៉េ។ មានមនុស្សមួយចំនួននិយាយថា៖ “ខ្ចីបន្តិចបានទេ?” “យកទៅថតតែបន្តិចទេ” ប៉ុន្តែអ្នកមិនដឹងទេថា ពួកគេអាចយកវាទៅធ្វើអ្វីខ្លះ។ ម្តងដែលវាត្រូវបានប្រើសម្រាប់អ្វីមិនល្អ អ្នកអាចជាអ្នកដែលត្រូវទទួលខុសត្រូវ — មិនមែនពួកគេទេ។ ការពារខ្លួន = កុំឲ្យអ្នកណាខ្ចីឡើយ។ គ្មានករណីលើកលែង។
២. កុំចែករំលែកគណនីធនាគារទៅអ្នកដ៏ទៃងាយៗ 💳
“ធ្វើការងាយៗ ទទួលបានប្រាក់លឿន” “គនណីខ្ញុំមានបញ្ហា អោយខ្ចីប្រើគណនីទទួលប្រាក់វេរប្រាក់តិចសិនមក នឹងជូនសារគុណ”
ពាក្យទាំងនេះស្តាប់ទៅល្អ… ប៉ុន្តែវាជាអន្ទាក់។ នៅពេលអ្នកអនុញ្ញាតឲ្យគេប្រើគណនីរបស់អ្នក អ្នកកំពុងបើកទ្វារចូលទៅក្នុងបញ្ហាធំៗ ដោយខ្លួនឯង។
- លុយអាចជាលុយខុសច្បាប់
- អ្នកអាចពាក់ព័ន្ធនឹងការបោកប្រាស់
- ហើយចុងក្រោយ អ្នកជាអ្នកទទួលទោស
ចង់ចាំថា ប្រាក់ងាយៗ មិនដែលមានដោយគ្មានហានិភ័យ។
៣. ជៀសវាងអំពើហិង្សា ទោះអ្នកខឹងយ៉ាងណាក៏ដោយ ⚠️
នៅពេលអ្នកត្រូវបានគេមើលងាយ ឬមានជម្លោះ អារម្មណ៍ខឹងអាចធ្វើឲ្យអ្នកចង់ប្រតិកម្មភ្លាមៗ។ ប៉ុន្តែការប្រយុទ្ធ វាយតប មិនដែលជាដំណោះស្រាយល្អទេ។
នៅកូរ៉េ ការវាយប្រហារ ឬ ឈ្លោះគ្នាដោយកំលាំងបាយ ជាបទល្មើស ទោះអ្នកមិនចាប់ផ្តើមក៏ដោយ អ្នកអាចមានបញ្ហាប្រសិនបើអ្នកតបតប្រើកំលាំងបាយ ដោយមិនបានពិចារណា ជាពិសេសសម្រាប់ជនបរទេស បញ្ហាអាចធ្ងន់ជាង។ ការដើរចេញ មិនមែនជាការបរាជ័យទេ — វាជាការពារខ្លួន។
៤. ប្រយ័ត្នបញ្ហាប្រាក់កម្ចី និងការជឿចិត្ត 💸
នៅក្រៅប្រទេស មនុស្សខ្លះក្លាយជាមិត្តលឿន ប៉ុន្តែមិត្តខ្លះ ក៏បាត់ទៅលឿនដូចគ្នា។
👉 បញ្ហាច្រើនកើតឡើងពី
- ខ្ចីប្រាក់គ្នា
- ជឿគ្នាលើសកម្រិត
- មិនមានភស្តុតាងច្បាស់
ពេលមានបញ្ហា អ្នកអាច បាត់ប្រាក់ បាត់មិត្ត ហើយអាចជួបគ្រោះថ្នាក់ផងដែរ កុំប្រើអារម្មណ៍អាណិតអាសូរលើសហេតុផល ត្រូវគិតឲ្យបានល្អិតល្អន់។
៥. កុំជឿគេឆាប់ពេក — ត្រូវពិនិត្យមុនជានិច្ច 🔍
មិនមែនគ្រប់គ្នាដែលនិយាយភាសាដូចអ្នក ឬមកពីប្រទេសដូចអ្នក សុទ្ធតែអាចទុកចិត្តបានទេ។ ត្រូវប្រុងប្រយ័ត្នពេល៖
- មានការងារដែលស្តាប់ទៅល្អពេក
- មានមនុស្សសន្យាជួយរឿងវីសា ឬឯកសារ មិនយកកម្រៃ
- មានការផ្តល់ឱកាស “ងាយៗ”
បើវាស្តាប់ទៅល្អពេក — ប្រហែលវាមិនពិតទេ។
🌱 សារចុងក្រោយ
អ្នកមកកូរ៉េ មិនមែនដើម្បីជួបបញ្ហាទេ អ្នកមកដើម្បីបង្កើតជីវិតល្អជាងមុន។ ប៉ុន្តែជីវិតល្អ នឹងមិនកើតឡើង បើអ្នកមិនការពារខ្លួនឯង។
👉 ចូរចងចាំ៖
- កុំចែករំលែកអ្វីសំខាន់
- កុំជឿគេឆាប់ពេក
- កុំធ្វើសេចក្តីសម្រេចដោយអារម្មណ៍
បញ្ហាធំៗ មិនចាប់ផ្តើមពីអ្វីធំទេ វាចាប់ផ្តើមពីការមិនប្រុងប្រយ័ត្នតិចតួច។ សូមសំណាងល្អ ជោគជ័យការងារ។